ចំណងជើង: ស្រណោះ
(បទព្រហ្មគតិ)
ស្រណោះស្រែវាលស្រូវ ដែលធ្លាប់នៅកាលពីតូច
ស្រណោះចាបយំហ៊ូច សម្លេងកួចពីរោះក្រៃ។
ស្រណោះប្រឡាយស្រែ ដែលធ្លាប់ហែលលេងភក់ដី
ស្រណោះកាលបង់ត្រី ធ្វើចំណីប្រឡាក់ដែរ។
ស្រណោះកាលឃ្វាលគោ ជិះកង់ហ៊ូពេញវាលស្រែ
ស្រណាេះគ្រាប់ស្រូវផ្លែ ភ្ជួររាស់ដែរព្រោះចុងក្រោយ។
ស្រណេាះបរគោយន្ត អ្នកមានគុណបង្ហាត់ឱ្យ
ស្រណោះម្អមស្រែអើយ មុននឹងក្រោយយកទៅស្ល។
ស្រណោះព្រលិតបឹង ឈរឡើងនឹងដូចសសរ
ស្រណោះឈូកបវរ ចិត្តស្មោះសរមិនភ្លេចភក់។
ស្រណោះដើមត្នោតទេរ អស់ឯងគេសរសើរខ្ពស់
ស្រណោះរំពាក់លួស ញាំុផ្លែជួសការអផ្សុក។
ស្រណោះស្មៅកន្ត្រើយ នៅមិនស្បើយនៅមិនសុខ
ស្រណោះត្រពាំងថ្លុក បក្សីកុកមករកត្រី។
ស្រណោះវាលបៃតង ជីវិតចងជាមេត្រី
ស្រណោះកាលតូចក្ដី សប្បាយក្រៃពេលឃើញស្រែ។